នៅថ្ងៃអាទិត្យ ៨រោចខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតវិសាមញ្ញ នឹងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន អមដំណើរដោយមន្រ្តីនៃស្ថានទូត និងពុទ្ធបរិស័ទចំណុះជើងវត្តជាច្រើននាក់ បានអញ្ចើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី៨ នៅវត្តបារមីគិរីខេមរាភ្នំបីតាធំ (ហៅវត្តលោកយាយជំទាវហេង) ស្ថិតនៅតំបន់ Ishehara ខេត្ត Kanagawa ប្រទេសជប៉ុន។
ឯកឧត្តមឯកអគ្គរាជទូត មានប្រសាសន៍ថាពិធីបុណ្យភ្ជុំបិណ្ឌនិងកាន់បិណ្ឌនេះ គឺជាពិធីបុណ្យប្រពៃណីជាតិរបស់ខ្មែរយើងដែលមានតាំងពីបុរាណកាលមក ហើយជាពេលវេលាមួយដែលបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទមានឱកាសក្នុងការធ្វើបុណ្យសន្សំកុសលដោយសទ្ធាជ្រះថ្លា និងជួបជុំសាច់ញាត្តិបងប្អូន នៅតាមទីកន្លែងជិតឆ្ងាយ ជាពិសេសតាមទីវត្តអារាមនានា ។
ក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី៨នេះផងដែរ ឯកឧត្តមឯកអគ្គរាជទូត និងមន្ត្រីនៃស្ថានទូត បាននាំយកនូវទេយ្យទាន គ្រឿងឧបភោគ បរិភោគ រួមមាន
អង្ក ស្ករស តែ ទឹកត្រី ទឹកសុីអុីវ ត្រីខ ទឹកក្រូច ទឹកបរិសុទ្ធ និងបច្ច័យមួយចំនួនទៅវេរប្រគេនព្រះសង្ឃចំនួន៤ព្រះអង្គ ដែលគង់ចាំព្រះវស្សា នៅវត្តបារមីគិរីខេមរាភ្នំបីតាធំ (ហៅ វត្តលោកយាយជំទាវហេង) ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធជីដូនជីតា បុព្វការីជន និងញាត្តិការទាំង៧សន្តាន ដែលបានចែកឋានទៅកាន់លោកខាងមុខ។
ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តមឯកអគ្គរាជទូត បានជួបសំណេះសំណាល និងសួរសុខទុក្ខបងប្អូនសមាគមខ្មែរ កម្មសិក្សាការី និស្សិត ដែលកំពុងរស់នៅ និងធ្វើការនៅប្រទេសជប៉ុន និងបានជម្រាបអំពីការទំនាក់ទំនងក្នុងលក្ខណៈភាពជាដៃគូរយុទ្ធសាស្ក្រ តាំងពីឆ្នាំ២០១៣ និងកិច្ចសហប្រតិបត្តិការដ៏ល្អ ប្រសើរ និងកាន់តែជិតស្និទ្ធរវាងព្រះរាជាណាចក្រកម្ពុជានិងជប៉ុន ព្រមទាំងអំពីការអភិវឌ្ឍន៍គ្រប់វិស័យនៅប្រទេសកម្ពុជាផងដែរ ដែលទាំងអស់នេះគឺជាការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងគុណតម្លៃនៃសន្តិភាពដែលបានមកដោយលំបាក។ ឯកឧត្តមក៏បានរំព្ញកឱ្យប្រជាពលរដ្ឋខ្មែរដែលរស់នៅប្រទេសជប៉ុនទាំងអស់ រួមគ្នាបន្តថែរក្សាការពារសន្តិភាពនៅកម្ពុជាឱ្យបានកាន់តែប្រសើរ និងរឹងមាំថែមទៀត៕