កាលពីព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្ដម ទុយ រី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន អមដោយលោក ហង់ សុជីវិន ទីប្រឹក្សាពាណិជ្ជកម្ម បានទទួលជួបលោក Miyamoto Hidemasa និងលោក Koshi Li តំណាងក្រុមហ៊ុន FIS Co.,Ltd ដែលមានបំណងស្វែងយល់ពីឱកាសធ្វើពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា ជាពិសេសលទ្ធភាពនៃការនាំចូលផលិតផលកម្ពុជា មកចែកចាយលក់នៅទីផ្សារជប៉ុន។ ឆ្លើយតបចំពោះសំណួរពីភាគីក្រុមហ៊ុនខាងលើ ឯកឧត្តម ឯកអគ្គរាជទូតបានជម្រាបជូនអំពី៖
(១)ទំនិញសក្តានុពលនាំចេញរបស់កម្ពុជាទៅកាន់ពិភពលោក រួមមានមុខទំនិញជាច្រើនដូចជា សំលៀកបំពាក់ ស្បែកជើង កាបូបធ្វើដំណើរ កង់ គ្រឿងបង្គុំអេឡិចត្រូនិក អង្ករ តំឡូងមី ស្វាយចន្ទី ចេក ម្រេច ស្វាយ និងកសិផលដទៃទៀត ដែលជាទំនិញអាចមានទីផ្សារនៅជប៉ុន។ ក្រៅអំពីការនាំចេញ កម្ពុជាជាប្រទេសមាន សេដ្ឋកិច្ចទីផ្សារបើកជំហរ មានទំនិញនាំចូលពីបរទេស សំបូរហូហៀរច្រើនបែបច្រើនប្រភេទ តាមតម្រូវការទីផ្សារ។
(២) ការវិនិយោគជប៉ុននៅកម្ពុជាកំពុងមានកំណើនជាលំដាប់ ដែលមកដល់ពេលនេះគិតជាសរុបមាន ១៤៩គម្រោង គិតជាទឹកប្រាក់គឺជិត ៣,០០០ លានដុល្លា។
(៣) បានពន្យល់អំពីការបង្កើត និងដំណើរការមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជា (Cambodia Private Commercial Center) នៅក្រុង Atsugi ដែលជាមជ្ឈមណ្ឌលមានតួនាទីភ្ជាប់ទំនាក់ទំនងពាណិជ្ជករ វិនិយោគិនកម្ពុជា ជប៉ុន និងមានតាំងបង្ហាញផលិតផលខ្មែរសរុបជិត១០០ មុខ មានដូចជា ម្រេច ស្វាយចន្ទី កាហ្វេតំណាប់ស្វាយ ម្នាស់ ស្រកានាគ ចេក ស្ករត្នោត ទឹកឃ្មុំ ម៉្សៅត្រី គ្រឿងទេសកញ្ចប់ ធូបក្រអូប ស្រាបៀរ វត្ថុអនុស្សាវរីយ៍ កាបូប កន្សែងធ្វើអំពីសូត្រ ។ល។
ក្នុងឱកាសនោះ ឯកឧត្តម ឯកអគ្គរាជទូតបានសង្កត់ធ្ងន់ថា កម្ពុជាស្វាគមន៍ការវិនិយោគជប៉ុនបន្ថែមទៀត និងបានប្រគល់ជូនកូនសៀវភៅសង្ខេប ស្តីពីច្បាប់វិនិយោគថ្មីជាភាសាជប៉ុន និងបានពន្យល់អំពីចំណុចសំខាន់ៗនៃច្បាប់ ក្នុងនោះមានដូចជា តម្លាភាពបទបញ្ញត្តិ វិស័យអាទិភាព ១៨វិស័យ, ការលើកទឹកចិត្តតាមរយៈការបន្ថូបន្ថយពន្ធ និងយន្តការច្រកចេញចូលតែមួយ។
នៅថ្ងៃដដែលនោះ ក្រុមហ៊ុនទាំង២ខាងលើ បានរួមដំណើរចុះទៅពិនិត្យ សាកសួរព័ត៌មានបន្ថែម នៅមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជា ក្រុង Atsugi ដោយបានចាប់អារម្មណ៍លើ Sample អំពីផលិតផលកម្ពុជាដែលមានសក្តានុពលមួយចំនួន ។ ក្នុងដំណើរចុះទស្សនាមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជា ក្រុង Atsugi ក៏មានការចូលរួមទស្សនាស្វែងយល់ផងដែរ ពីសំណាក់ក្រុមហ៊ុនខ្មែររួមមាន Mony Trading Co.,Ltd (ខេត្ត អូសាកា) និង M7 Supermarket (ខេត្តហ្គឹម៉ា) ដែលកំពុងដំណើរការពាណិជ្ជកម្មនាំចេញនាំចូល និងបើកផ្សារម៉ាតលក់រាយនៅជប៉ុន ហើយពួកគេបានចាប់អារម្មណ៍លើការសម្របសម្រួល និងលទ្ធភាពរបស់មជ្ឈមណ្ឌពាណិជ្ជកម្មនៅ Atsugi ចំពោះការនាំចូលផលិតផលខ្មែរ សម្រាប់ចែកចាយនៅជប៉ុនទៅថ្ងៃមុខ៕