ថ្ងៃទី២០ ខែសីហាឆ្នាំ ២០២២ ជាផ្នែកមួយនៃការអនុវត្តនយោបាយការទូតសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រុមហ៊ុនតៃកា (TAICA) ដែលមានអាជីវកម្មនៅកម្ពុជាជាអ្នកឧបត្ថម្ភការប្រកួតកីឡា បាល់ទាត់រវាងក្រុម Shimizu S-Pulse និង Kashiwa Reysol នៃលីគកំពូលជប៉ុន (Japan League) ដោយប្រសិទ្ធិនាមការប្រកួតថាជា ទិវាកម្ពុជា Cambodia Day ។
ក្រុមការងារស្ថានទូតកម្ពុជាបានចូលរួមពិធីបើកការប្រកួត ហើយឯកឧត្ដម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុនមានកិត្តិយសទាត់បាល់ជាកិច្ចចាប់ផ្តើមនៃការប្រកួត ។
ឯកឧត្ដម IMAMURA Masahiro សមាជិកសភា និងជាប្រធានសមាគមសភាជប៉ុន-កម្ពុជាក៏បានអញ្ជើញក្នុងពិធីនេះដែរ ។
ទីលានបាល់ទាត់នៅខេត្ត Shizuoka ដែលជាកន្លែងប្រកួតបានផ្សព្វផ្សាយយ៉ាងទូលាយអំពីកម្ពុជា ដោយប្រើពាក្យថា “កម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈ Cambodia: Kingdom of Wonder” និងមានអ្នកចូលរួមទស្សនាប្រមាណ ១៥០០០នាក់។ ស្ថានទូតកម្ពុជា ក៏បានរៀបចំស្តង់ដើម្បីតាំងបង្ហាញផលិតផលខ្មែរ និងផ្សព្វផ្សាយតំបន់ទេសចរណ៍នានានៅប្រទេសកម្ពុជា ក៏ដូចជាមានកម្មវិធីឆ្លើយសំនួរពាក់ព័ន្ធនឹងប្រទេសកម្ពុជា ដើម្បីទទួលបានរង្វាន់ដូចជាក្រមា ឬអាវយឺតជាដើម។ ការផ្សព្វផ្សាយនេះធ្វើឡើង ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ទាក់ទាញប្រជាជនជប៉ុនជាមិត្តអោយចាប់អារម្មណ៍ និងស្គាល់កម្ពុជាអោយកាន់តែច្រើនឡើង ក្នុងគោលបំណងជម្រុញវិស័យទេសចរណ៍របស់កម្ពុជា ។
សូមគោរពបញ្ជាក់ថា កម្មវិធីCambodia Day នេះ ត្រូវបានរៀបចំលើកទី១ នៅខែសីហា ឆ្នាំ២០២១ នៅទីតាំងដដែល ប្រកបដោយភាពជោគជ័យ៕